នគរបាលខណ្ឌ៧មករា បង្ក្រាបក្មេងទំនើង ៩នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់ចាក់យ៉ាងសកម្មក្នុងទឹកដីខេត្តកណ្តាល
(ភ្នំពេញ)៖ សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញមុខ ក្រុមជនសង្ស័យជាមុខសញ្ញាក្មេងទំនើង ក្រុមកៀនស្វាយ (KV) បង្កសកម្មភាពកាប់ចាក់គ្នាយ៉ាងសកម្ម ក្នុងទឹកដីខេត្តកណ្តាល ប៉ុន្តែក្រុមនេះបាននាំគ្នារត់មកជ្រកកោនក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រុមក្មេងទំនើងនេះ សមត្ថកិច្ចធ្វើការបង្ក្រាបបាន ក្នុងរង្វង់ប្រតិបត្តិកា ចុះរដ្ឋបាលរបស់គណៈបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នៅតំបន់បុរីកីឡា។
លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង០៩នាក់នេះ មិនទាន់ធ្វើសកម្មភាពកាប់ចាក់ឬអុកឡុកក្នុងរាជធានីភ្នំពេញ ពិសេស មូលដ្ឋានក្នុងខណ្ឌ៧មករានៅឡើយនោះទេ ដោយគ្រាន់តែពួកគេបានព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលស្រុកលើកដែក ក្រោយការធ្វើសកម្មភាពបង្កហិង្សាកាប់ចាក់គ្នាជាច្រើនករណីរួចមក៕
Post a Comment