ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ ត្រូវជាប្អូនបង្កើតសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ ត្រូវជាប្អូនបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាននៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើសារលិខិតរំលែកមរណទុក្ខ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដោយក្នុងសារលិខិតបានគួសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម ពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា និងត្រូវជាប្អូនបង្កើតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ធំធេងនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យដោយ សេចក្តីសង្វេគជាពន់ពេក ចំពោះការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ ជាឥស្សរជនមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារជាច្រើនជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើឧត្តមប្រយោជន៍ មាតុភូមិកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ក៏ជាប្អូនប្រុសដ៏ល្អ ជាឧត្តមស្វាមី ឪពុក ឪពុកក្មេកជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ គុណធម៌ ជាពិសេស គឺបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងបណ្តុះបណ្តាល ទាំងបញ្ញាស្មារតីដល់កូនៗប្រកបដោយពុទ្ធិ។
ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំង ក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម យួន ផល្លារិទ្ធ សូមបានចាប់បដិសន្ធិ និង សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕







Theme images by Radius Images. Powered by Blogger.