រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ ទៅរស់នៅទីតាំងថ្មីនិងផ្ដល់កម្មសិទ្ធិស្របច្បាប់



(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការនេះ ប្រព្រឹត្តទៅដោយរលូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រៃកប្រា ខណ្ឌច្បារអំពៅ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និង រីករាយសហការជាមួយអាជ្ញាធរដែលអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើការសិក្សានៅទីតាំងខាងលើនេះ អោយបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏នឹងស្ថាបនាស្ថានីយ៍បូមទឹក នៅប្រឡាយព្រែកប្រានេះ មួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។ 
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ឱ្យដឹងដែរថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។ ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌច្បារអំពៅ ធ្វើការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មាន ២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង២០០គ្រួសារហើយ ពោលគឺនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាង អាជ្ញាធរ និងជំរុញការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារនេះឱ្យបានលឿន ដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។
ឯកឧត្តម ឃួង ស្រេង បន្តថា ប្រឡាយព្រែកប្រាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕






















Theme images by Radius Images. Powered by Blogger.