ក្រោយភ្លៀងមេឃស្រឡះ ! ជម្លោះពាក្យសំដីរវាងលោក ខូវ ឆាយ និងកីឡាករ ដាវ លីឌុច ត្រូវបានដោះស្រាយបញ្ចប់
(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំដ៌ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយ រវាងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ជាលទ្ធផល ភាគីទាំងបានយល់គ្នា ដោយកីឡាករ ដាវ លីឌុច មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរ លើឆាកជាតិ-អន្តរជាតិ។
លោក ខូវ ឆាយ ក៏បានសម្តែងការអបអរសាទរស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បីល្បាញបន្ថែមទៀត លើឆាកអន្តរជាតិ៕
Post a Comment