រថយន្តដឹកកម្មករ-កម្មការិនី បុករថយន្ត១គ្រឿង ជ្រុលល្បឿនទៅបុកម៉ូតូ បណ្តាលក្រឡាប់ មនុស្សជិត ៣០នាក់ រងរបួសធ្ងន់ស្រាល

(ខេត្តកំពង់ស្ពឺ)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកកម្មករ-កម្មការិនីជិត៣០នាក់បានរងរបួសធ្ងន់ស្រាលដោយសាររថយន្តក្រឡាប់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៥-៣៦ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់នេះកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ,កម្មការិនីប្រមាណ៣០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្ដម៉ាកកៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ 2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់មករថយន្ដម៉ាកហ៊ីយ៉ិនដាយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KE-9184 បើកបរដោយឈ្មោះ ថៃ សេង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្ស២នាក់, ទី១, ឈ្មោះ ប៉ិច ជី ភេទស្រី អាយុ៤១ឆ្នាំ និងទី២,ឈ្មោះ ប៉ិច ជេ ភេទស្រី អាយុ ២៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានបន្តថា រថយន្តទាំងពីរគ្រឿងនេះបើកបរស្របទិសគ្នាពីលិចទៅកើត បណ្ដាលឱ្យក្រឡាប់រងរបួសធ្ងន់ស្រាល។ ចំណែកអ្នករងរបួសធ្ងន់ និងស្រាល ដែលជិះលើរថយន្ដកំពុងស្រាវជ្រាវ ។ ដោយឡែកភាគីម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល ប.ស.ស ព្រៃផ្ដៅ ៤នាក់។ រីឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕







Theme images by Radius Images. Powered by Blogger.