សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ ស្ថិតនៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ឃួន ផល្លារិទ្ធ ត្រូវជាប្អូនប្រុសបង្កើតសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្តេចមហារដ្ឋសភាអធិការធិបតី ចំពោះការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់នូវប្អូនប្រុស ស្វាមី ឱពុក ឪពុកក្មេក ជីតាប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ និងក៏ដូចជាការបាត់បង់នូវឥស្សរជនមួយរូប ដែលមានបទពិសោធន៍យ៉ាងច្រើន និងបានបូជាកម្លាំងកាយចិត្តចូលរួមចំណែកក្នុងវិស័យសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សព ឯកឧត្តម ឃួន ផល្លារិទ្ធ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
Post a Comment