លោកជំទាវ ឌុច ដាណា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ

(ខេត្តកណ្តាល)៖ លោកជំទាវ ឌុច ដាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានអញើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរក្រុង-ស្រុក រួមជាមួយអង្គភាពពាក់ព័ន្ធជាច្រើនរូប។


ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឌុច ដាណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីចំណុះរដ្ឋបាលខេត្តកណ្ដាលទាំងអស់ ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ លោកជំទាវ បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ដែលជាការងារជំរុញឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ អាចដំណើរការបានដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់អង្គភាព។ ការចុះធ្វើសវនកម្មផ្ទៃក្នុង ក៏ជាការងារមួយដែលមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹង នូវការងារស្នូលរបស់អង្គភាព ពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផងដែរ។


លោកជំទាវ ឌុច ដាណា បានជំរុញដល់ថ្នាក់ដឹកនាំខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធ បើទោះបីជារដ្ឋបាលខេត្តកណ្ដាលមិនមានភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីរួមចំណែកធ្វើឱ្យអង្គភាពជំនាញនីមួយៗ និងប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុងមានដំណើរការបានល្អប្រសើរ ជាអង្គភាពមួយប្រកបដោយគុណភាព អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ចាក់ថា កិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅខេត្តកណ្តាល នាពេលនេះ បានស្វែងរកឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម នៃការអនុវត្តការងារ របស់អង្គភាព ស្ថាប័ននីមួយៗ ក្នុងន័យកែលម្អ ពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ កិច្ចការគ្រប់គ្រងបុគ្គលិក ឱ្យកាន់តែមានភាពល្អប្រសើរ សំដៅលើកកំពស់ស្មារតីនៃការទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អថែមទៀត ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានទទួលយកនូវអនុសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួល និងបំពេញបន្ថែម នូវភាពខ្វះចន្លោះ នៃការអនុវត្ត សំដៅធ្វើឱ្យការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

















Theme images by Radius Images. Powered by Blogger.