តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៤ និង ផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្នាំ២០២៥
(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីការបំពេញភារកិច្ចនាឆ្នាំកន្លងមក ដល់បច្ចុប្បន្ន សម្រេចបានលទ្ធផលល្អប្រសើរ តាមផែនការរបស់ថ្នាក់លើ ដូចជា ការងារស្នូល ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារមូលដ្ឋាន ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ការសហការបង្ក្រាបបទល្មើសនេសាទ ដែលអង្គភាពកំពុងប្រតិបត្តិការដូចភ្លៀងរលឹមសព្វថ្ងៃនេះ។
អញ្ជើញមានមតិសំណេះសំណាល នាឱកាសនេះ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរដល់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលបានដឹកនាំអង្គភាព មានការរីកចម្រើន និង ទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និង ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
មេមញ្ជាការរង នាយសេនាធិការ បានបន្តថា លទ្ធផលដែលអង្គភាពទទួលបានគឺពិតជាការរួមចំណែកពី នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទាំងមូល ដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគពិសេស ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដូចជាការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅដ្ឋាន ជាពិសេស ការងារសហការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីនេះ អធិបតី បានអញ្ជើញ ជូនប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់នាយទាហាន នាយទាហានររង ពលទាហាន ដែលមានស្នាដៃល្អឆ្នើមព្រមទាំងបានប្រគល់ថវិកា ចំនួន ១.៥០០.០០០រៀល ជូនទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ផងដែរ៕
Post a Comment