ឃាត់អ្នកដំណើរ ០២នាក់ ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


(ភ្នំពេញ)៖ មន្ត្រីគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ត្រួតពិនិត្យ អ្នកដំណើរ សញ្ជាតិកូរ៉េ ចំនួន ០២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ ករណីរត់ពន្ធគ្រឿងញៀន។ 
ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េចំនួន ០២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។
តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំង នោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕






Theme images by Radius Images. Powered by Blogger.