កិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកណ្តាល ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧

(ខេត្តកណ្ដាល)៖ គោលបំណងសំខាន់ ក្នុងការប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការ គម្រោងជាអាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឲ្យស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឲ្យបានទាន់ពេលវេលាតាមការកំណត់។

នេះជាការលើកឡើង របស់ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល នៅប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកផងដែរ។

ឯកឧត្តមអភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា សំណើគម្រោងទាំងឡាយណាដែលមន្ទីររដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដូចជា៖

១) ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ។

២) ស្ថិត ក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល។

៣) ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក។

៤)កំណត់អតិបរមាលើ ចំនួនគម្រោង គឺ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបាន កំណត់ ករណីដែលមានការស្នើឡើងច្រើន។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានស្នើឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឲ្យបានច្បាស់លាស់ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន។ ត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាឲ្យបានទាន់ពេលវេលា។ លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថា តម្រូវការគម្រោង អាទិភាពទូទាំងខេត្តសម្រាប់ឆ្នាំ ២០២៥-២០២៧ សរុបមានចំនួន ៧៨៤៨១គម្រោង ក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចមានចំនួន ២១០៧២គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៤៥៧៥២ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន  ២០៣០៤គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៣៥៣គម្រោង។




















Theme images by Radius Images. Powered by Blogger.