នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលជួយពលរដ្ឋភ្លើងឆេះផ្ទះនៅស្រុកខ្សាច់កណ្ដាល
(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ក្នុងឱកាសនេះដែរ៖ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ចំពោះឧបទ្ទវហេតុដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងនៅលើខ្លួនយើងទាំងអស់គ្នាឡើយ។ ជាមួយគ្នានេះផងដែរលោកនាយកសាខា ក៏បានជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថា៖ កាលពីវេលាម៉ោងប្រមាណម៉ោង២១:៥០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឈ្មោះ សេង ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ សមាជិក៦នាក់ មានករណីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នងសង់អំពីថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង មានប្រវែង០៧ម៉ែត្រx១៥ម៉ែត្រ ខូចខាតឆេះអស់ទាំងស្រុង៖ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទទួលបាន៖ អង្ករ ៦០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់, សម្ភារៈផ្ទះបាយ ១ឈុតធំ, តង់កៅស៊ូ ១ផ្ទាំង និងថវិកា៥០ម៉ឺនរៀល។
Post a Comment