ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញក្រុងពាលីមុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី បានសេចក្តីសុខចំរុងចំរើន នៅមុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក។ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន ដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងប្រារព្វនូវពិធីនេះ។ គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានសមត្ថភាពចម្រោះទឹកកខ្វក់ បានចំនួន ៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។សូមបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង។ ហើយនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផងដែរ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមាន សមត្ថភាពបូមបានសរុបចំនួន៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។ ស្ថានីយ៍នេះក៏មានការសាងសង់ ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រាលកៅស៊ូ AC ទំហំ៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់បូម បញ្ជូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ហិកតា ស្ថិតនៅជាប់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀល សម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ «កម្ពុជា-ជប៉ុន» ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩៕





















Theme images by Radius Images. Powered by Blogger.