សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុលដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុកត្រូវមានចំណាត់ការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាតបំផុត។
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាច្រើនទាក់ទងទៅនឹងក្រុមក្មេងទំនើង បន្ទាប់ពីក្រសួងយុត្តិធម៌បានរៀបចំសន្និសីទពីក្មេងទំនើង កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤។ ដោយក្នុងនោះ សម្តេច បានសង្កត់ធ្ងន់ថា ស្នងការគ្រប់រាជធានី-ខេត្ត មិនត្រូវបន្ធូរបន្ថយដៃនោះទេចំពោះការបង្ក្រាបក្មេងទំនើង បើងើបឡើងមួយបង្ក្រាបមួយទៅវិញឲ្យទាន់ពេលវេលា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា វិធានការបង្ក្រាប និងដាក់ទោសទណ្ឌក្មេងទំនើងនេះ ក៏នឹងជួយមិនឱ្យក្មេងៗដទៃទៀតយកគំរូតាមដែរ។ សម្តេច ថា បើគ្រាន់តែអប់រំត្រឹមផ្នែករដ្ឋបាល ហើយដោះលែងទៅវិញ ពួកគេនឹងធ្វើសកម្មភាពដើរបង្កបញ្ហាកាប់គេកាប់ឯងជាបន្តទៀត ព្រោះអ្នកដាក់ដាវសាំម៉ូរ៉ៃតាមខ្លួន ស្មើនឹងប្រើប្រាស់អាវុធខុសច្បាប់។
សម្តេចបវរធិបតី ហុន ម៉ាណែត មានប្រសាសន៍ថា «រឿងអ្នកអួតតាមហ្វេសប៊ុក (អំពីដាវសាំម៉ូរៃ) ព្រឹកនេះ ឲ្យយកមួយពីខេត្តស្វាយរៀង ហើយអត់មានយកមកត្រឹមតែអប់រំរដ្ឋបាល ហើយព្រលែងទៅវិញនោះទេ ខ្ញុំឲ្យមើលច្បាប់ឲ្យបានមែនទែន ទាញដាវមកអួត កន្លែងខ្លះបបួលគ្នាកាប់…តើអានេះជាការគម្រាមជីវិតទេ។ អីចឹងឲ្យពិនិត្យមើលច្បាប់ បើច្បាប់នៅស្រាលពេក សូមឲ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះ ឲ្យកាន់តែខ្លាំងម្តង»៕
Post a Comment