ឯកឧត្តម គួច ចំរើន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភស្ត្រីរងគ្រោះដោយសារអំពើហិង្សាពីអតីតប្តី

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច​ ខែអស្សុជ​ ឆ្នាំ​រោង​ ឆស័ក​ព.ស២៥៦៨​ ត្រូវ​និង​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ស៊្រុន ស្រីនាង​ ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧវត្ថម្ភជូនស្ត្រីរងគ្រោះឈ្មោះ ភួង ថាវី អាយុ ៣៤ឆ្នាំ ដែលរងគ្រោះដោយសារអំពើហឹង្សាពីសំណាក់អតីតប្តី បានជះទឹកអាស៊ីតដាក់លើផ្ទៃមុខ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អញ្ជើញចូលរួមដំណើរជាមួយមាន៖ លោកជំទាវ នួន នារតី ប្រធានក្រុមការងារចលនាស្ត្រីខេត្តកណ្តាល សមាជិក គ ក ស ក ខេត្តកណ្តាល និងប្រតិភូ អនុសាខា កក្រក ស្រុកកណ្តាលស្ទឹងមួយចំនួនទៀត។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវ ស៊្រុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីអាណិតអាសូរពន់ពេក និងក្តីនឹករឭកក្រៃលែង។ ក្នុងពេលនោះដែរលោកជំទាវហិរញ្ញិកសាខា បានបញ្ជាក់ជូនជនរងគ្រោះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចកាលម្តេចតែងមានការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត គ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពិសេសតួយ៉ាងដូចក្នុងករណីដែលបងប្អូនស្ត្រីរបស់យើង កំពុងតែទទួលរងគ្រោះដោយអំពើហឹង្សានៅក្នុងឱកាសពេលនេះជាដើម។

 អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម , មី ១កេស ,ទឹកត្រី ២យួរ ,ទឹកផ្លែឈើ ១ កេស និងថវិកាចំនួន ២លានរៀល។ ជាមួយគ្នានេះ មន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភ ឃីត ១កញ្ចប់ ថវិកាចំនួន ២៥ មុឺនរៀលផងដែរ៕







Theme images by Radius Images. Powered by Blogger.