ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ៧០០នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ
(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ទាំង ៧០០ នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត។
នាឱកាសនោះ ឯកឧត្តមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ និងភ្នាក់ងារ គណបក្សទាំងអស់នាឱកាសនេះ។ ឯកឧត្តមក៏បានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្ស ជូនចំពោះ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់គ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក សមាជិក សមាជិកា ដែលតែងតែរួមគ្នាខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដែលបាននាំមកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាកន្លងមក និងឆ្ពោះទៅមុខ។
មានប្រសាសន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសនៃការនាំមកនូវការជួបជុំគ្នារវាងអង្គបោះឆ្នោត និងបេក្ខជបពេញសិទ្ធ និងបម្រុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាស្មារតីនៃកិច្ចប្រជុំយុទ្ធសាស្រ្តក្នុងការផ្តល់ជូនជាព័ត៌មានចុងក្រោយ រំលឹកដល់អង្គបោះឆ្នោតចំពោះការត្រៀមនូវឯកសារ ការថែរក្សាសុខភាព សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោតទាំងអស់ឱ្យត្រៀមខ្លួនបានរួចរាល់ទាំងឯកសារ និងស្មារតី និងនាំគ្នាចេញទៅបោះឆ្នោតថ្ងៃ ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ទាំងអស់គ្នា។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោត១ សន្លឹករបស់អ៊ំពូមីង គឺជាការបង្ហាញនូវភាពជឿជាក់ ក្តីស្រលាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាយន្តការមួយបន្ថែមទៀតសម្រាប់ថ្នាក់ការដឹកនាំខេត្ត ក្រុងស្រុក ក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺ ចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត។
Post a Comment