សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា បានអញ្ជើញចូលរួមបុណ្យសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) នៅគហដ្ឋានលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ 

សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះមរណភាព របស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ត្រូវជាឪពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង បានទទួលមរណភាព កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ចំពោះកូន និងចៅ ហើយក៏ដូចជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធា ជ្រះថ្លាក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខ ជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ ញាតិសណ្តានទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានចាប់កំណើតក្នុងឋាន បរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕











Theme images by Radius Images. Powered by Blogger.