ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហរដ្ឋអាមេរិក នាពេលកន្លងមក។  ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបង្ហាញពីគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់ ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់ តែជិតស្និទ្ធ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy អះអាងថា នឹងបន្តគាំទ្រចំពោះគម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

ភាគីទាំងពីរក៏បានជជែកផ្លាស់ប្ដូរយោបល់អំពីគម្រោងដែលនឹងត្រូវអនុវត្តបន្តនាពេលអនាគត ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ការអភិរក្សធនធានធម្មជាតិ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស ក្រោមគម្រោង One Health។ ចំពោះគម្រោង One Health នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សម្គាល់អំពីតម្លាភាពនៃការផ្ដល់ព័ត៌មាននៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពាក់ព័ន្ធ នឹង ការងារ នា ពេល អនាគត ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការដោយភាពស្មោះត្រង់ មានតម្លាភាព។ ភាគីទាំងពីរបានឯកភាព រៀបចំគណកម្មការតម្រង់ទិសដែលដាក់គំរោងសហប្រតិបត្តិការក្នុងវិស័យកសិកម្មទាំងអស់ចូលក្នុងក្របខណ្ឌនៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជន៍ប្រជាជននិងប្រជាកសិករកម្ពុជា ឱ្យត្រូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕











 

Theme images by Radius Images. Powered by Blogger.