សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត និងក្រុមគ្រួសារចូលជួបនៅភូមិគ្រឹះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចនៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការ លះ បង់  ដើម្បីកូន និងក្រុមគ្រួសារ។ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ទៀតថា ផានិត ជាក្មេងប្រកបដោយគុណធម៌ និង ការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុង ឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា  ដើម្បីឈានឆ្ពោះទៅកាន់ មហាវិទ្យា ល័យនា ៣ឆ្នាំខាងមុខ។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីរបស់ ផានិត ជាករណីពិសេសដែលសម្តេចត្រូវជួយ សម្រាប់ ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះ ដើម្បី កុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។សូមបញ្ជាក់ថា អន ផានិត ជាយុវសិស្សមកពីគ្រួសារក្រីក្រមួយរូបរស់នៅក្នុងខេត្តកំពត ដែលប្រលងបាននិទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០២៣នេះ។ ដោយឃើញពីស្ថាន ភាព លំបាក ក្នុងគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្គត់ផ្គង់រាល់ការចំណាយ ក្នុងសិក្សារបស់យុវជន អន ផានិត។ សម្តេចតេជោ ក៏បានសម្រេចឧបត្ថម្ភថវិកា ប្រចាំខែ ដល់គ្រួសាររបស់ ផានិត ហើយបានជួយសាងសង់ផ្ទះជូនថែមទៀតផង។ ពេលនេះយុវជន អន ផានិត បានប្រលងជាប់ចូលរៀននៅសាលាបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វករផងដែរ។ ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ ទៅលើយុវជន អន ផានិត និងក្រុមគ្រួសារ ជាការស្តែងឱ្យឃើញនូវទឹកចិត្តពោរពេញដោយព្រហ្មវិហារធម៌របស់សម្តេចតេជោ ហ៊ុន សែន។ករណី អន ផានិត មិនមែនជាលើកទី១នោះឡើយ សម្តេចតេជោ ហ៊ុន សែន បានជួយយុវជនឱ្យទទួលបានឱកាសសិក្សារៀនសូត្រខ្ពង់ខ្ពស់ជាច្រើនករណីមកហើយ៕











Theme images by Radius Images. Powered by Blogger.