សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានរៀបចំផែនការជាមុន ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពចាំបាច់នានា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាមោទនភាពមួយសម្រាប់កម្ពុជា ក្រោយបញ្ចប់សង្គ្រាម ប្រទេសត្រូវបានអភិវឌ្ឍន៍ឱ្យរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ សម្តេចបន្តថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។ រាជរដ្ឋាភិបាលបុរេសកម្ម មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ។ នយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញ ត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ ក្នុងរយៈពេលត្រឹមជាង៣ខែ។គោលនយោបាយជាតិគាំពារសង្គមដែលដាក់ឱ្យអនុវត្តន៍ គឺជា ការ ចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជួយតិច ឬច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋចោលនោះឡើយ។សម្តេចធិបតីបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺរាជរដ្ឋាភិបាលនៅតែផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាចម្បង។ កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥លានដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។
សម្តេចធិបតីបន្តថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភ សាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាក ចេញ បន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្រប ខណ្ឌកម្មវិធីជាតិ ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ៕
Post a Comment