ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវលក្ខណ:ប្រចាំ

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ គណ:កម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងមន្រ្តីបច្ចេកទេសមន្ទីរ បានចុះត្រួតពិនិត្យនិងវាយតម្លៃការការងារថែទាំផ្លូវលក្ខណ:ប្រចាំ ជំហ៊ានទី២ ឆ្នាំ២០២៣ ចំនួន  ២២ខ្សែ ប្រវែងសរុប ១០៩.៥២ គីឡូម៉ែត្រ ក្រាលដោយខ្សាច់ស ក្រួសក្រហម ក្រួសភ្នំបាសិទ្ធ និងខ្សាច់ភ្នំឈើកាច់ ស្មើនិង ១៩ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកលើកដែក និងស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសចុះត្រូតពិនិត្យ និងវាយតម្លៃនាពេលនេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងឱ្យរូបឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំលក្ខណះផ្លូវប្រចាំក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺពិនិត្យលើគុណភាពនៃការការថែទាំផ្លូវក្នុងរយ:ពេលកន្លងមក អោយមានគុណភាពល្អប្រសើ  និងប្រសិទ្ធភាពខ្ពស់ដើម្បីប្រើប្រាស់បានយូរ។ 

ក្នុងឱកាសនោះឯកឧត្តម ហួត សារឹម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកលោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីបច្ចេកទេស ដែលបានសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារថែទាំផ្លូវទាំង២២ខ្សែនេះ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានបន្ថែមថា ផ្លូវជនបទពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សកម្មករកម្មការីនី ធ្វើចរាចរណ៍ទៅសាលា ទៅបំរើការងារ ទៅទទួលសេវានានា ពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាការដឹកជញ្ជូនផលិផលកសិកម្មផ្សេងៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ ឱ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវក៏ដូចជាចរាចរលើផ្លូវនេះ ចូលរួមថែរក្សាផ្លូវ ឱ្យល្អប្រសើរ ដោយសូមកុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។ ជាលទ្ធផលគណៈកម្មាធិការអន្តរក្រសួងបានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការងារថែទាំផ្លូវប្រចាំ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល៕












Theme images by Radius Images. Powered by Blogger.