បង្ក្រាបបានជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សខុសច្បាប់ នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបជនសង្ស័យ០៧នាក់ ក្នុងនោះ ជនជាតិចិន០២នាក់និងខ្មែរ០៥នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សខុសច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថានៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត២គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាព ចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្ត ខណៈដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់ដៃ។


បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង ៧និង០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើ ដៃ ជើង និងដងខ្លួន ដោយបច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្ត។ក្រោយទទួលបានករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ១៩និង០០នាទី ទើបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន៧នាក់។ជនសង្ស័យទាំង០៧នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EE0738338 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លី៣ដើម គ្រាប់កាំភ្លើងចំរុះសរុបចំនួន ៨៩គ្រាប់ ខ្នោះដៃ២គូរ រថយន្ត៣គ្រឿង ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស និងសម្ភារផ្សេងៗមួយចំនួន។ ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់៕








Theme images by Radius Images. Powered by Blogger.