បណ្ដេញឧក្រិដ្ឋជនជនជាតិជប៉ុន ចំនួន២៥នាក់ទៅប្រទេសដើមវិញ ក្រោយបង្ក្រាបបានពាក់ព័ន្ធបទល្មើសឆបោកតាមទូរស័ព្ទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះពិសេស ព្រមទាំងមានកងកម្លាំងមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅទីតាំងអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចកម្ពុជា សូមអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវៀងនាំឲ្យទីតាំងរបស់ខ្លួន ត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ការប្រពឹត្តបទល្មើសផងដែរ៕






Theme images by Radius Images. Powered by Blogger.